កាលបរិច្ឆេទ: ០៤ កុម្ភៈ ២០២២ / កសិកម្ម
ឯកឧត្តមថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានចែកអំណោយផ្ទាល់ដៃនូវផលិតផលខនហ្វីរេលមួយកន្រ្តកម្នាក់ៗ ដល់រដ្ឋមន្រ្តី និងឥស្សរជនជាន់ខ្ពស់ទាំងអស់ដែលបានចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ាន២០២២ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១៦ដល់ថ្ងៃទី២២ ខែមករា។
ឆ្លើយតបទៅនឹងសំណូមពរជាបន្ទាន់របស់ក្រសួងទេសចរណ៍ អំណោយផលិតផលខនហ្វីរេលត្រូវបានរៀបចំឡើងសម្រាប់ទូតសុឆន្ទៈនានាដើម្បីធ្វើការផ្សព្វផ្សាយពីផលិតផលខ្មែរទៅដល់ប្រទេសជាដៃគូនៅក្នុងសមាគមអាស៊ានមានដូចជា ប្រទេសវៀតណាម ប្រថៃ មីយ៉ាន់ម៉ា ឡាវ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សឹង្ហបុរី និងព្រុយណេ។
ក្រៅពីការចែកអំណោយនេះហើយ ផលិតផលខនហ្វីរេលក៏ត្រូវបានដាក់តាំងផងដែរនៅក្នុងស្តង់ចំនួនពីរក្នុងបរិវេណសណ្ឋាគារសុខាដែលជាកន្លែងរៀបចំវេទិកាទេសចរណ៍អាស៊ាន ហើយក្នុងឱកាសនោះដែរ ក្រៅពីវត្តមានឥស្សរជនជាន់ខ្ពស់ គេក៏ឃើញមានវត្តមានអ្នកដែលមានអាជីពនៅក្នុងវិស័យទេសចរណ៍ផងដែរ។ ចំណែកឯនៅបន្ទប់ទទួលភ្ញៀវវីអាយភីឯណោះវិញ មានតែវត្តមានក្រុមហ៊ុនខនហ្វីរេលតែមួយគត់ដែលជាក្រុមហ៊ុនកសិ-ចំណីអាហារ ដែលបានតាំងពិព័រណ៍ផលិតផលរបស់ខ្លួន។
ស្ករត្នោតសរីរាង្គម៉ាក Thnot ស្រាចាយ៉ា ម្រេចកំពត និងតែ Kirum ទទួលបានចំណាប់អារម្មណ៍ជាពិសេសពីសំណាក់អ្នកចូលរួម។
វេទិកានេះមានសារៈសំខាន់ណាស់ ព្រោះជាព្រឹត្តិការណ៍ផ្លូវការថ្នាក់អន្តរជាតិលើកទីមួយដែលត្រូវបានរៀបចំឡើងដោយផ្ទាល់ បន្ទាប់ពីអវត្តមានអស់ពេលយ៉ាងយូរ បើទោះបីជាវិបត្តិជំងឺកូវីដនៅមិនទាន់រលត់នៅឡើយក្តី ពោលគឺវិបត្តិនេះបានអូសបន្លាយអស់រយៈពេលជាងពីរឆ្នាំមកហើយបើគិតតាំងពីពេលដែលកើតឡើងដំបូងនៅប្រទេសចិន។
ម្យ៉ាងវិញទៀត ក្នុងនាមជាប្រធានអាស៊ានប្តូរវេនសម្រាប់រយៈពេលមួយឆ្នាំ គិតចាប់ពីថ្ងៃទី១ មករាទៅ វេទិកានេះគឺជាឱកាសមួយសម្រាប់ប្រទេសកម្ពុជាធ្វើការប្រកាសយ៉ាងឱឡារិកបើកទទួលភ្ញៀវទេសចរឡើងវិញនៅអាស៊ាន។
ក្រសួងទេសចរណ៍កម្ពុជាបានឲ្យដឹងថា ការប្រកាសបើកប្រទេសទទួលទេសចរឡើងវិញនេះគឺត្រូវបានធ្វើឡើងដោយផ្អែកទៅលើគោលការណ៍សំខាន់ៗជាច្រើនក្នុងនោះមាន ការលើកស្ទួយវិស័យទេសចរណ៍នៅអាស៊ាន ការបើកច្រករបៀងអាស៊ានសម្រាប់ការធ្វើដំណើររបស់ទេសចរ ការបង្កើតឲ្យមានប័ណ្ណចាក់វ៉ាក់សាំងឌីជីថល ការពង្រឹងភាពស៊ាំនៅក្នុងសហគមន៍តាមរយៈការចាក់វ៉ាក់សំាង និងការលើកកម្ពស់ «វិធានការថ្មី» ដែលសមស្របទៅនឹងបទបញ្ញត្តិសុវត្ថិភាពសុខភាពរបស់ប្រទេសដែលជាសមាជិក៕